អ្នកឧកញ៉ា ហ៊ុន តូ អះអាងថាលោកពិតជាមានភាគហ៊ុន៣០%នៅក្រុមហ៊ុនហួយវ័ន ផេរ ពិតមែន តែលោកគ្មានសិទ្ធិចាត់ចែងការងារទូទៅក្នុងក្រុមហ៊ុននេះឡើយ

អ្នកឧកញ៉ា ហ៊ុន តូ ដែលត្រូវបានគេស្គាល់ថា ជាសេដ្ឋីប្រាក់លានលំដាប់ប្រទេសមួយរបស់កម្ពុជា និងអ្នកវិនិយោគលើវិស័យធំៗជាច្រើននៅកម្ពុជា បានចេញមុខស្រាយបំភ្លឺជុំវិញការចោទប្រកាន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនមួយចំនួន ដែលបានអះអាងថា លោកគឺជាអ្នកដែលនៅពីក្រោយក្រុមហ៊ុន ហួយវ័ន ផេ ម.ក។

ជាក់ស្ដែង បើយោងតាមសេចក្ដីបំភ្លឺដែលមានភ្ជាប់ជាមួយស្នាមមេដៃរបស់អ្នកឧកញ៉ា ហ៊ុន តូ និងបោះត្រាមេធាវីផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បានសរសេររៀបរាប់ថា៖ នាពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដោយបានភ្ជាប់រូបខ្ញុំពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ប្រាក់ ក្នុងនោះបានចោទប្រកាន់អ្នកឧកញ៉ាថាជាថៅកែធំរបស់ក្រុមហ៊ុននេះ ដោយបានប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ដើម្បីឱ្យអ្នកឧកញ៉ាចេញមុខដោះស្រាយករណីលុយដែលពួកគាត់ បានដាក់ ហើយមិនទាន់បានទទួលការទូទាត់សងវិញ។

ក្នុងលិខិតបំភ្លឺដដែលនេះ អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ថា កន្លងមកលោកពិតជាមានភាគហ៊ុននៅ ក្នុងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ចំនួន ៣០% ពិតប្រាកដមែន នៅក្នុង លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០។ ប៉ុន្តែ ផ្អែកលើជំពូក២ ចែងអំពីដើមទុន-ភាគហ៊ុន និងប្រការ៩ ស្តីពីការបង់ប្រាក់ភាគ ហ៊ុន អ្នកឧកញ៉ា ហ៊ុន តូ បានបាត់បង់សិទ្ធិចាត់ចែងការងារទូទៅក្នុងនាមជាម្ចាស់ភាគហ៊ុន ៣០% នេះ តាំងពី ចំនួន ៣០% ដែលជាចំណែកភាគហ៊ុនរបស់អ្នកឧកញ៉ាចូលទៅក្នុងក្រុមហ៊ុនសម្រាប់បើកដំណើរការប្រតិបត្តិ ការរបស់ក្រុមហ៊ុន ដោយមូលហេតុ ក្រុមហ៊ុនមិនបានបែងចែកសិទ្ធិអំណាច ឬសិទ្ធិសម្រេចកិច្ច ការងារក្នុងក្រុមហ៊ុន ដើម្បីឱ្យអ្នកឧកញ៉ាទទួលខុសត្រូវ ជាពិសេស សិទ្ធិលើការគ្រប់គ្រងចំណូល ចំណាយ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន។

តាមលិខិតបំភ្លឺដដែល អ្នកឧកញ៉ា ហ៊ុន តូ អះអាងថា មានចំណុចមួយចំនួនទៀតដែលបញ្ជាក់ថា ខ្លួនមិនពាក់ព័ន្ធការងារប្រត្តិបត្តិការរបស់ក្រុមហ៊ុននេះដូចជា៖

ទី១. អ្នកឧកញ៉ាមិនដែលទទួលបានការអញ្ជើញឱ្យចូលរួមគ្រប់កិច្ចប្រជុំ ឬមហាសន្និបាត នៃម្ចាស់ ភាគហ៊ុននោះទេ
ទី២. លោកក៏មិនធ្លាប់បានចាត់តំណាង ឬតែងតាំងអាណត្តិគាហករួមណាម្នាក់ធ្វើជាតំណាង ភាគហ៊ុន នៅក្នុងក្រុមហ៊ុនដូចដែលបានកំណត់ក្នុងប្រការ១២ ជំពូក២ នៃលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុននោះឡើយ
ទី៣. លោកអះអាងថា លោកមិនធ្លាប់ទទួលបានប្រាក់ចំណេញ ប្រាក់ភាគលាភ និងទ្រព្យសកម្មបន្តិចណាសោះពីក្រុមហ៊ុននោះឡើយ
ទី៤. លោកមិនធ្លាប់បានចូលរួមបោះឆ្នោតក្នុងកិច្ចប្រជុំ និងចូលរួមអនុម័តកិច្ចការផ្សេងៗរបស់ក្រុមហ៊ុននោះឡើយ និងទី៥. អ្នកឧកញ៉ា ហ៊ុន តូ អះអាងថា លោកមិនធ្លាប់បានទទួលព័ត៌មានពីប្រតិបត្តិការអ្វីទាំងអស់ពីក្រុមហ៊ុន។

ខ្លឹមសារលិខិតបំភ្លឺដដែល អ្នកឧកញ៉ា ហ៊ុន តូ បញ្ជាក់ទៀតថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនជម្រះបញ្ជី រីចឆ៍ & ផាតនើរ (REACHS & Partners Co.,Ltd) ដែលជាក្រុមហ៊ុនជម្រះបញ្ជីតាមនីតិវិធីផ្លូវច្បាប់ ទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការជម្រះបញ្ជី និងបានចេញរបាយការណ៍ចុងក្រោយស្ដីពីការជម្រះបញ្ជីគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដោយបានបញ្ជាក់ពីការបញ្ចប់ទាំងស្រុងអំពីការជម្រះបញ្ជីរវាងម្ចាស់បំណុលជាមួយគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក (HUIONE PAY PLC.)។

អ្នកឧកញ៉ា ហ៊ុន តូ បានឱ្យដឹងថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនជម្រះបញ្ជីបានបញ្ជាក់ថា ក្រោយពីធ្វើការទូទាត់សងម្ចាស់បំណុលរួចរាល់អស់ហើយ គ្រឹះស្ថាន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) នៅសល់សាច់ប្រាក់សុទ្ធចំនួន ១.១៨៩.២៣៥,៥១ដុល្លារអាមេរិក (មួយលានមួយរយប៉ែត្រសិបប្រាំបួនពាន់ពីររយសាមសិបប្រាំដុល្លារ និងហាសិបមួយសិន) និងបានបែងចែកប្រាក់ដែលនៅសេសសល់នោះជូនម្ចាស់ភាគហ៊ុនពិតប្រាកដដែលទទួលខុសត្រូវក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុនកន្លងមក។ អ្នកឧកញ៉ា ហ៊ុន តូ អះអាងទៀតថា លោកមិនមានចំណែកក្នុងការទទួលប្រាក់ដែលសល់ក្រោយពីជម្រះបញ្ជីនោះទេ ដោយសារតែលោកមិនមែនជាម្ចាស់ភាគហ៊ុនដែលបានពាក់ព័ន្ធជាមួយប្រតិបត្តិក្រុមហ៊ុនកន្លងមក (ដូចមានក្នុងរបាយការណ៍ជម្រះបញ្ជីចុងក្រោយភ្ជាប់មកជាមួយ)។

អ្នកឧកញ៉ា ហ៊ុន តូ គូសបញ្ជាក់ទៀតថា ចំពោះគ្រឹះស្ថានផ្ដល់សេវាទូទាត់ប្រាក់ H-PAY SERVICE PLC. គឺលោកមិនមានភាគហ៊ុន ឬពាក់ព័ន្ធក្នុងក្រុមហ៊ុននោះឡើយ។ ដូច្នេះអ្នកឧកញ៉ា ថា សេចក្ដីបំភ្លឺខាងលើរបស់អ្នកឧកញ៉ា ជាភស្ថុតាងដែលបញ្ជាក់ការពិត អំពីការមិនពាក់ព័ន្ធកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ដើម្បីកុំឱ្យមានការយល់ច្រឡំទៅលើអ្នកឧកញ៉ាថា ជាម្ចាស់ក្រុមហ៊ុននេះតទៅទៀត ហើយអ្នកឧកញ៉ាថា ខ្លួននឹងសហការយ៉ាងពេញលេញ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ និងត្រៀមផ្ដល់ឯកសារ ឬភស្តុតាងនានាតាមដែលច្បាប់តម្រូវ៕

អត្ថបទ៖ សីហា

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.