ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ទាំងគុណភាពការងារ និងការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រមសីលធម៌ និងវិជ្ជាជីវៈ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ទាំងគុណភាពការងារ និងការពារសុវត្ថិភាពដល់អ្នកសារព័ត៌មាន។
ឯកឧត្តមបញ្ជាក់ដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ លើប្រធានបទ “វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន” នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅឯសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា កញ្ចក់ស្រអាប់ដោយសារតែការអនុវត្តវិជ្ជាជីវៈមិនបានល្អត្រឹមត្រូវ អញ្ចឹងកញ្ចក់វាមិនអាចថ្លាបានទេ និងទៅជាស្រអាប់ ធ្វើឲ្យអ្នកមើលទៅជាមុខងារផ្សេង ឬបកស្រាយផ្សេង។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីចង់ពន្យល់ថា «អ្នកសារព័ត៌មាន គឺជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវធ្វើជាកញ្ចក់ថ្លា ទើបអាចមើលឃើញច្បាស់»។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មានបានដាក់ចុះនូវគោលការណ៍ក្នុងការរៀបចំសណ្តាប់ធ្នាប់ នៅក្នុងវិស័យសារព័ត៌មានឡើងវិញ គោលបំណងធ្វើការពង្រឹងលើការអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈ។
សូមជម្រាបថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) គឺជាវេទិកាដ៏ធំបំផុតរបស់ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ដែលតែងតែរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ និងបានអញ្ជើញអ្នកសារព័ត៌មានពីបណ្តាអង្គភាពផ្សេងៗជាច្រើនចូលរួម ដោយលើកយកនូវប្រធានបទសំខាន់ៗមកធ្វើការពិភាក្សា ដើម្បីផ្តល់ឱកាសដល់ នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត វិទ្យុ ទូរទស្សន៍ ព្រមទាំងសារព័ត៌មានអនឡាញ បានជជែកពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕