១១ខែឆ្នាំនេះ កម្ពុជានាំចេញផ្លែមៀនស្រស់មានទឹកប្រាក់ជាង ១៨លានដុល្លារ កើនឡើងជិត ១ពាន់ភាគរយ
ភ្នំពេញ៖ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ប្រមាណ ១៨លានដុល្លារអាមេរិក កើនឡើងរហូតដល់ជិត១ពាន់ភាគរយ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
យោងតាមរបាយការណ៍បានឲ្យដឹងថា គិតត្រឹម១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទទួលបានទឹកប្រាក់ចំនួន ១៨.៥៤លានដុល្លារ កើនឡើង៩៥៦.៥៦ភាគរយ។
សូមជម្រាបថា ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ ទៅប្រទេសចិនមានចំនួន ១១ ៤០៣.២៣តោន។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជាកំពុងកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេស៕