សម្ដេចធិបតីមិនជឿថា មន្ដ្រីជាន់ខ្ពស់កម្ពុជាល្ងង់ដល់ថ្នាក់មិនដឹងរឿង គម្រោងព្រែកជីកហ្វូណនតេជោ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនជឿលើមន្ដ្រីជាន់ខ្ពស់របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ល្ងង់ដល់ថ្នាក់មិនដឹងរឿង «គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតីបញ្ជាក់ថា មន្រ្ដីរាជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧នេះ មិនធ្វើអ្វីដែលបំផ្លាញជាតិនោះទេ ប៉ុន្ដែគឺធ្វើអ្វីដែលគិតគូរដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តលើកកម្ពស់ គុណភាព សមត្ថភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្រោយពីកាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក ថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ បង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី២៧ ធ្នូ សម្ដេចធិបតី មានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន តែងតែលើកឡើងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយចិនមកសាងសង់នោះទេ គឺសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយវិស័យឯកជន ក្នុងទម្រង់ BOT បានន័យថា «សាងសង់ធ្វើអាជីវកម្មហើយ ផ្ទេរជូនរដ្ឋ»។

សម្ដេចធិបតីគូសបញ្ជាក់ថា «យើងមិនខ្ចីរហូតទៅដល់ជំពាក់វ័នករ ឬមួយដូចគេថានោះទេ យើងមានច្បាប់របស់យើងប្រចាំឆ្នាំ»។ សម្ដេចបន្ថែមថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំទៅដោយក្រុមអ្នកជំនាញសិក្សា និងគិតគូរយ៉ាងម៉ត់ចត់ ដើម្បីធានាប្រយោជន៍សម្រាប់ជាតិ។

តបទៅអ្នកចោទប្រកាន់ សម្ដេចធិបតីគូសបញ្ជាក់ទៀតថា «ខ្ញុំ មិនជឿថា មានមន្ដ្រីរាជរដ្ឋាភិបាល ជាន់ខ្ពស់នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលជាបណ្ដុំអ្នកមានចំណេះដឹង និងសមត្ថភាព បទពិសោធន៍ ល្ងង់ដល់ថ្នាក់មិនស្គាល់ភាពខុសគ្នា រវាងអ្វីទៅដែលជាឥណទានដែលយើងខ្ចី ។ អ្វីទៅជាគម្រោង BOT។ ខ្ញុំ មិនជឿថា មន្ដ្រីជាន់ខ្ពស់យើង ល្ងង់ដល់ថ្នាក់ហ្នឹង»។

សូមជម្រាបថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីថ្លែងការណ៍ច្រានចោល ចំពោះការចុះផ្សាយរបស់ កាសែតឌីខេមបូឌាដេលីផងដែរ កាលពីរាត្រីថ្ងៃ២៦ ធ្នូ។ ដោយសេចក្តីថ្លែងការណ៍គូសបញ្ជាក់ថា “ជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់”៕

អត្ថបទពាក់ព័ន្ធ