ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយម៉ូតូ បណ្តាឲ្យរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយម៉ូតូ បណ្តាឲ្យរងរបួសធ្ងន់ស្រាលចំនួន ០៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង២៧នាទីយប់ ត្រូវថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្តុបលោកតានឿយ ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពបានឲ្យដឹងថា៖ ម៉ូតូស្គុបពី ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ សៀមរាប 1AC-5743 បើកបរនិងរួមដំណើរដោយនារីពីរនាក់ ចំណែកម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AN 1238 បើកបរដោយបុរសម្នាក់ មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគ្នាពេញទំហឹងបានបណ្ដាឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់។
ជនរងគ្រោះជិះម៉ូតូស្គុបពីមានគ្នា០២នាក់ មានឈ្មោះ រ៉េត ចាន់ណាន ភេទស្រី អាយុ២២ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម (រងរបួសបែកប្រអប់ជើងចេញឆ្អឹង) និងម្នាក់ទៀតមានឈ្មោះ ផន វិផាក ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា (រងរបួសចំក្បាល)។ ចំណែកជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម មានឈ្មោះ ហ៊ោ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅបន្ទប់ជួលនៅជន្លុង (រងរបួសបាក់ដៃ និងត្រូវផ្ទៃខាងមុខ)។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកសមត្ថកិច្ចចុះវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាង រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។
រាយការណ៍ដោយ៖ ធារ៉ា ក្រុងសៀមរាប