កំណាត់ផ្លូវជាតិលេខ៧៦ ខេត្តមណ្ឌលគិរី ត្រង់ចំណុចបាក់ស្រុតកាលអំឡុង ខែសីហាបានបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញហើយ

ខេត្តមណ្ឌលគិរី៖ កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរអិលបាក់ ត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះថា កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត ប្រមាណ ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK 94+150 កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បច្ចុប្បន្ននេះការស្ថាបនាផ្លូវថ្មីតភ្ជាប់ឡើងវិញ។

ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ថា ក្រសួងបានសម្រេចការងារក្រាលកៅស៊ូ DBST ប្រវែង ៤២៥ម បានលទ្ធផល ១០០ភាគរយ និងបានបើកឱ្យធ្វើចរាចរណ៍ សម្រាប់រថយន្តគ្រប់ប្រភេទវិញបានហើយ។

សូមរម្លឹកថា ផ្លូវជាតិលេខ៧៦ ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបាក់ស្រុតចុះ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់ ដោយសារជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ផ្លូវជាតិលេខ៧៦ (ស្នួល-សែនមនោរម្យ) នេះ មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ និងផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕

អត្ថបទពាក់ព័ន្ធ