ស្នងការរងខេត្តសៀមរាបម្នាក់ បេីករថយន្តបុករ់ឺម៉កម៉ូតូ បណ្តាលឲ្យព្រះសង្ឃរងរបួសជាច្រើនអង្គនាក់

ខេត្តសៀមរាប៖ រថយន្ត​ឡិចស៊ីស​៣៣០ ពណ៌​ទឹកមាស របស់​លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ​នគរបាលបច្ចេកទេស និងវិទ្យា​សាស្ត្រ​ខេត្តសៀមរាប ចេញពីបម្រើការងារបេសកកម្ម​ប្រចាំការនៅ​មុខចម្ការម្រេច​១២​ហិកតា របស់ ខឹម វាសនា បើក​បរក្នុ​ង​ល្បឿន​លឿន ទៅ​បុកម៉ូតូរ៉ឺម៉កកង់បី​ដឹក​ព្រះ​សង្ឃយ៉ាង​ពេញ​ទំហឹង បណ្ដាលឱ្យដួល និងរបួសព្រះសង្ឃ​រដូករណែល​នៅលើផ្លូវ​​ ហើយរថយន្ត​បម្រុង​បើក​គេចដែរ​ តែទៅបុកគល់​ឈើ បណ្តាល​ឱ្យ​ខ្ទេចមុខរថយន្ត​ ហើយ​អ្នកបើកបរ​គេចខ្លួនបាត់ និងបង្កការភ្ញាក់ផ្អើលយ៉ាង​។

ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​បុកជាមួយម៉ូតូកង់បីខាងលើ​នោះបានកើតឡើងកាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥និង៣០នាទីល្ងាច​ លើផ្លូវកៅស៊ូ ត្រង់ចំណុចមុខផ្ទះឈ្មោះ មាស ផា ស្ថិត​ក្នុង​ភូមិអូរទទឹង ឃុំព្រះដាក់ទៅឃុំ​រុនតាឯក ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប ។

បើតាម​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នេះថា រថយន្តមួយគ្រឿងខាងលើ​ម៉ាក LUXES RX330 ពណ៌ ទឹកមាស ផ្លាកលេខ ភ្នំពេញ 2AG-0486 បើកបរដោយឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ភេទ​ប្រុស អាយុ​៥៣ឆ្នាំ ​តួនាទីជា​ស្នងការ​រង ទទួលដឹកនាំការិយា​ល័យ នគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ ខេត្តសៀមរាប មានទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ​។

ចំណែកម៉ូតូ​រ៉ឺម៉កកង់បី​មួយគ្រឿងខាងលើ​ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1J-0595 បើកបរដោយឈ្មោះ សេង កុសល ភេទ ប្រុស អាយុ​៥៦ឆ្នាំ (រងរបួស​មធ្យម) រស់នៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប មានដឹក​អ្នករួមដំណើរ៤អង្គ/នាក់ ​ក្នុងនោះ​រួមមាន ១-ព្រះសង្ឃ ព្រះនាម ពេជ្រ តារា ​ព្រះជន្ម​២៩​ព្រះវស្សា​ (រងរបួស​មធ្យម) រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង​សៀមរាប​ ខេត្តសៀមរាប ២-ព្រះសង្ឃ ព្រះនាម ឌុំ ភារម្យ ​ព្រះជន្ម១៧​ព្រះវស្សា​ (រងរបួស​មធ្យម) រស់នៅភូមិរោង ឃុំស្វាយ លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣-ព្រះសង្ឃ ព្រះនាម ប៉ូយ សីហា ​ព្រះជន្ម៤០​ព្រះវស្សា​ (របួសមធ្យម) រស់នៅភូមិតាទក ឃុំពួក ស្រុកព្រួក ខេត្តសៀមរាប និង​៤-ឈ្មោះ MEJI GVTIERREZ ភេទ​ប្រុស អាយុ ៥៣ឆ្នាំ ជនជាតិកូឡំប៊ី (របួស​មធ្យម) ស្នាក់​នៅភូមិបំពេញរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។​

បើតាម​ប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹង​បន្ត​ថា រថយន្តមួយគ្រឿងម៉ាក LUXES RX330 បើកបរមានទិសដៅពីកើតទៅលិច ក៏​បុកម៉ូតូ​រ៉ឺម៉កកង់បី​មួយគ្រឿងមានដឹកព្រះសង្ឃនិងភ្ញៀវទេសចរ ធ្វើដំណើរ​ក្នុងទិសដៅ​ស្របទិសគ្នា បណ្តាល​ឱ្យ​ម៉ូតូរ៉ឺម៉កកង់បីដួល របួសព្រះសង្ឃនិងភ្ញៀវរដូករណែកលើផ្លូវ និងរង​ការ​ខូចខាតរថយន្ត១គ្រឿងធ្ងន់ ចំណែកម៉ូតូកង់បី​រងការ​ខូចខាតស្រាល ។

បច្ចុប្បន្ន ជនរងគ្រោះ​កំពុងសម្រាកនៅមណ្ឌល​សុខភាព​ដានរុន ។ ចំណែក​អ្នក​បើកបរ ត្រូវ​សមត្ថ​កិច្ច​ស្គាល់អត្តសញ្ញាណ​ហើយ គឺ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង ទទួលដឹកនាំការិយា ល័យ​នគរបាលបច្ចេកទេសនិងវិទ្យា​សាស្ត្រ​ខេត្តសៀមរាប ដើម្បីឱ្យ​ចូលខ្លួន​មកដោះស្រាយ​ជាមួយ ជនរងគ្រោះ​ទាំង​៥​នាក់​ផងដែរ ៕

អត្ថបទពាក់ព័ន្ធ