បុរសម្នាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យយុវជនចំនួន០២នាក់ របួសធ្ងន់ស្រាល នៅស្រុកអង្គរជុំ

ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូចំពេញទំហឹង បណ្តាលឲ្យយុវជនចំនួន ០២នាក់ រងរបួសធ្ងន់ស្រាល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៧និង២០នាទីល្ងាច ត្រូវថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិបុស្សល្ហុង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាមប្រភពព័ត៌មានឲ្យដឹងថា៖ ករណីខាងលើនេះ មានរថយន្ត ០១គ្រឿង ម៉ាក Toyota Camry សេរ៊ីឆ្នាំ ១៩៩២ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2A-4209 បើកបរដោយឈ្មោះ ដឿម លី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅ នៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលមានទិសដៅពីលិចទៅកើត ចំណែកម៉ូតូ ០១គ្រឿង ម៉ាក Honda Dreams សេរ៊ីឆ្នាំ ២០១៩ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AG-9421 ដែលមានទិសដៅពីកើតទៅលិច ក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ត្រង់ចំណុចកើតហេតុ អ្នកបើកបររថយន្ត មិនប្រកាន់ស្ដាំ និងបើកបរក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យយុវជនចំនួន ០២នាក់រងរបួស ជនរងគ្រោះមានឈ្មោះ នេន វណ្ណៈ ភេទប្រុស អាយុ ២៣ឆ្នាំ រងរបួសស្រាល មានទីលំនៅ នៅភូមិបាយម៉ាត ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប រួមដំណើរជាមួយឈ្មោះ សោន ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសបាក់ស្មងជើងឆ្វេង អ្នកទាំងពីរបើកបរមិនមានមួកការពារសុវត្ថិភាព។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងកត់កំណត់ហេតុ និងនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ដើម្បីបន្តនីតិវិធី៕

អត្ថបទពាក់ព័ន្ធ