រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរបួសចំនួន ៣នាក់ នៅស្រុកជីក្រែង

ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកត្រី បុកពីក្រោយរថយន្តវេអង បណ្តាលឱ្យស្លាប់មនុស្ស ២នាក់ និងរងរបួសចំនួន ៣នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២២យប់ ត្រូវថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។
តាមប្រភពព័ត៌មានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តក្បាលអូសសណ្តោងរម៉កមួយគ្រឿង ម៉ាក Hyundai Mighty ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3551 មានទិសដៅពីលិចទៅកេីត ចំណែករថយន្តមួយគ្រឿងទៀត ដឹកត្រី ម៉ាក Hyundai Mighty II ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3413 មានទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកត្រី បុកពីខាងក្រោយ រថយន្តក្បាលអូសសណ្តោងរម៉ក បណ្តាលអោយស្លាប់មនុស្សចំនួន ០២នាក់ និងរបួសស្រាលចំនួន ០៣នាក់។
ចំពោះអត្តសញ្ញាណជនរងគ្រោះមាន៖ ទី១ មានឈ្មោះ ឆែម សាន ភេទប្រុស អាយុ ៣០ឆ្នាំ ជាអ្នកបេីកបររថយន្តដឹកត្រី បានស្លាប់គៀបជាប់ក្នុងរថយន្ត, ទី២ មានឈ្មោះ ញឹប ស្រីស្រស់ ភេទស្រី អាយុ ៣០ឆ្នាំ ជាអ្នករួមដំណេីរជាមួយគ្នា បានស្លាប់ ទី៣ មានឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ របួសស្រាល ពួកគេទាំង០៣ មានទីលំនៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទី៤ មានឈ្មោះ ផុន យិន ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសស្រាល និងទី៥ មានឈ្មោះ សុខ សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ របួសស្រាល ពួកគេទាំង០២ មានទីលំនៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ក្រោយពីកើតហេតុ អ្នកបេីកបររថយន្តក្បាលអូសសណ្តោងរម៉ក ពាក់ផ្លាកលេខ កំពង់ចាម 3A-3551 បានរត់គេចខ្លួនបាត់។ ចំពោះវត្ថុតាង រថយន្តទាំង ០២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដេីម្បីអនុវត្តន៍នីតិវិធីបន្តតាមផ្លូវច្បាប់។


អត្ថបទពាក់ព័ន្ធ