ប្តីចុងកាប់ប្រពន្ធនឹងកាំបិតផ្គាក់ ព្រោះខឹងប្រពន្ធទៅយកប្តីដើមវិញ បានបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម

ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលជាប្ដីក្រោយបានកាប់ប្រពន្ធនឹងកាំបិតផ្គាក់ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ បន្ទាប់មកក៏យកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចចូលទៅក្នុងព្រៃ ។

ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើក ប្រតិបត្តិការតាមចាប់ខ្លួនបុរសរូបនេះទាំងយប់ និងចំណាយពេលជាច្រើនម៉ោងតែរកមិនឃើញ ។

រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចឃាតករជាប្ដីបាន ខណៈជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់ ។

លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចម្ការលើ ថ្លែងថា បុរសរូបនេះឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ត្រូវចំកនិងដៃ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយជននេះបានជិះម៉ូតូ ធុន សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។

លោកអធិការថ្លែងទៀតថា មូលហេតុនៃការកាប់ប្រពន្ធនេះ គឺបន្ទាប់ពីពួកគេទាំង២នាក់បានព្រមព្រៀងលែងលះគ្នាវិញ តែដោយដឹងថាប្រពន្ធខ្លួននឹងទៅយកប្តីដើមវិញ ក៏បានអន្ទងហៅផឹកស៊ីរួចឆក់មានឱកាសកាប់សម្លាប់តែម្ដង ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវដល់ ទីកន្លែងនិងតាមចាប់ទាំងយប់ ។ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង៧នាទី ទើបកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រមទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសាលា បឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកចម្ការលើ និងបានសារភាពថា រូបគេពិតជាកាប់ប្រពន្ធមែន ។ ជននេះក៏ត្រូវបានធ្វើតេស្តរកសារធាតុញៀន ហើយជាលទ្ធផលវិជ្ជមានផងដែរ ។

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកចម្ការលើ ដើម្បីសាកសួរតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។

លោកអធិការ កែវ ស៊ាងហ៊ន់ បញ្ជាក់ថា ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយ ប្ដីមុនគឺមានកូនម្នាក់ ។ អ្នកភូមិនិយាយថា សកម្មភាពឃោរឃៅបែបនេះកម្រកើតមានណាស់នៅឃុំបុសខ្នុរ ទើបតែឃើញកើតមានមួយករណីនេះប៉ុណ្ណោះ ។

បើយោងទៅលើមាត្រា២០០នៃច្បាប់ព្រហ្មទណ្ឌ អំពើឃាតកម្មគិតទុកជាមុន គឺជននេះអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ៕

អត្ថបទពាក់ព័ន្ធ