(មានវីដេអូ)៖ សមត្ថកិច្ចចាប់បានឃាតករបាញ់អ្នកគ្រូពេទ្យ និងកូនស្រី ក្នុងមណ្ឌលសុខភាព នៅស្រុកអូររាំងបានហើយ!
(មណ្ឌលគិរី) ៖ សមត្ថកិច្ច ស្រុកអូររាំង បានបំបែកសំណុំរឿងឃាតកម្មមួយ ដែលបានកើតហេតុកាលពីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖២០នាទី នៅចំណុចក្នុងបន្ទប់ដេកក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ក្នុងករណីខាងលើនេះមានជនរងគ្រោះចំនួន០២នាក់ ទី១-ឈ្មោះ កែម កែវ កន្និការ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (ស្លាប់) និងទី២-ឈ្មោះ ជូ សាណា ភេទ ស្រី អាយុ ០៦ឆ្នាំ (ត្រូវជាកូនសព) ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី (រងរបួសត្រូវដៃខាងឆ្វេង) ។
សេចក្តីរាយការណ៍បន្តថា៖ ករណីនេះបង្កដោយ ជនសង្ស័យ ឈ្មោះ សុខា នុត ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នក្រុមពូជូ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយប្រើអាវុធ AK 47 ០១ ដើម បង់ចំនួនមួយ និងគ្រាប់ចំនួន ០៦គ្រាប់ ។
យោងតាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣៖២០នាទី ជនស្ស័យឈ្មោះ សុខា នុត បានយកកាំភ្លើង AK 47 ០១ដើម ដែលរើសបានក្នុងព្រៃដើរទៅរកនារីរងគ្រោះនៅប៉ុស្តិ៍សុខភាព អណ្ដូងក្រឡឹង មុននឹងចេញទៅរកឆ្លុះសត្វក្នុងព្រៃ ។
ពេលទៅដល់ប៉ុស្តិ៍សុខភាពដែលនារីរងគ្រោះត្រូវប្រចាំការ ជាមួយកូនស្រីកំពុងដេកក្នុងបន្ទប់ប៉ុស្តិ៍សុខភាពនោះ ជនសង្ស័យទៅដល់ក៏បានសួរនាំរឿងបាយហូបហើយក៏ឈ្លោះប្រកែកគ្នា (ដោយអ្នកទាំងពីរត្រូវជាសង្សារនឹងគ្នា)។
ការឈ្លោះទាស់ទែងគ្នា មួយសន្ទុះ ស្រាប់តែជនបង្កបានបាញ់សម្លាប់ជនរងគ្រោះត្រូវចំក្បាលសៀតផ្កាខាងស្ដាំ ធ្លាយចេញទៅខ្នង ចំណែកក្បាលគ្រាប់បន្តធ្លាយត្រូវចំដៃកុមារីរងគ្រោះ ឈ្មោះ ជូ សាណា ត្រូវជាកូននារីរងគ្រោះចំកំភួនដៃខាងឆ្វេង បណ្ដាលឱ្យរងរបួស។
ក្រោយជនសង្ស័យ ឈ្មោះ សុខា នុត បានបាញ់សម្លាញ់នារីរងគ្រោះ ក៏បានបាញ់ខ្លួនឯងចំនួន ០២គ្រាប់ តែដោយសារគ្រាប់មិនផ្ទុះ ទើបជនសង្ស័យរត់គេចខ្លួនពីកន្លែងកើតហេតុ រហូតដល់ព្រឹកឡើងម៉ោង ០៥៖៣០នាទីថ្ងៃទី១៣ ខែឧសភា ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់៕