បើកបរមិនគោរពគ្នា រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង រងការខូចខាតទាំងសងខាង នៅស្រុកក្រឡាញ់
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្បាលអូសសណ្តោងរឺម៉កបុកគ្នាជាមួយរថយន្តលុច្សស៊ីស បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ ចំណែកមនុស្សពុំមានរងរបួសឡើយ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៦ និង៣៦នាទីរសៀល នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៤ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៥៣ និង៣៥៤ (លើស្ពានព្រីង) លើផ្លូវជាតិលេខ 6 ស្ថិតនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
តាមប្រភពបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចណ៍នេះ រថយន្តម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 2A-6396 បើកបរដោយឈ្មោះ ម៉េង សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែរ ខេត្តបាត់ដំបង បើកបរមានទិសដៅពីកើតទៅលិច បានបើកឡើងវ៉ាជែង ពេលមេឃកំពុងតែភ្លៀង។ ចំណែករថយន្តក្បាលអូសសណ្តោងរឺម៉កម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-1614 និងរ៉ឺម៉កពីក្រោយ ពណ៌ក្រហម ផ្លាកលេខ កំពង់ចាម 4A-1785 អ្នកបើកបរមិនដឹងអត្តសញ្ញាណ បើកបរមានទិសដៅពីកើតទៅលិច បានរ៉េចង្កូតមកឆ្វេង បុកក្បាលរថយន្តម៉ាក LEXUS RX 300 និងបុកបង្កាន់ដៃស្ពាន បណ្ដាលឱ្យរងការខូចខាតរថយន្តទាំងពីរគ្រឿង និងខូចបង្កាន់ដៃស្ពាន១ផ្ទាំងផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែងកត់កំណត់ហេតុ និងយករថយន្តទាំង២គ្រឿងមករក្សាទុកនៅស្នាក់ការដើម្បីបន្តតាមនិតិវិធីច្បាប់។