ខេត្តសៀមរាប៖ ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតា ក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ
ខេត្តសៀមរាប៖ កន្លងទៅថ្មីៗនេះ ក្រុមការងារកំណាយស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាចំនួនមួយ ដែលបានកប់ក្នុងរណ្ដៅកំណាយនៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះកេសទេវតាមួយកប់ក្នុងរណ្ដៅកំណាយស្រាវជ្រាវ នៅបាតគ្រឹះខាងផ្នែកទេវតាទាញព្រ័ត្រ នៃខ្លោងទ្វារជ័យ។
លោក អន សុភាព បុរាណវិទូ ដែលកំពុងធ្វើកំណាយនៅខ្លោងទ្វារជ័យបានបញ្ជាក់ថា ជាងពីរសប្ដាហ៍មកហើយ ដែលក្រុមការងារបស់លោកបាននិងកំពុងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា នៅខ្លោងទ្វារជ័យនេះ។
លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងបំណងពិនិត្យមើលរចនាសម្ព័ន្ធបាតគ្រឹះ ចម្លាក់កូរសមុទ្រទឹកដោះ ដើម្បីរៀបចំបង្រ្គប់ឯកសារក្នុងគម្រោងជួសជុលចំណុចនេះឡើងវិញ៕