រថយន្តធំបុកកិន យុវតីម្នាក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម្ម នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ រវាងរថយន្តធុនធំជាមួយម៉ូតូ បានបណ្ដាលឲ្យយុវតីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ព្រឹក ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រីអាយុ17ឆ្នាំ នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ រថយន្ត មួយគ្រឿង ម៉ាក Hyundai Mighty ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-4125 បើកបរមានទិសដៅពីកើតទៅលិច បុកម៉ូតូមួយគ្រឿង ម៉ាក Honda C125 2020 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AJ-2529 បើកបរមានទិសដៅពីកើតទៅលិចស្របទិសគ្នា ជនរងគ្រោះបានបើកបរម៉ូតូ ទៅទាក់និងដៃកង់ក្មេងស្រី មានឈ្មោះ សន សុភ័ណ្ឌ ភេទស្រីអាយុ14ឆ្នាំ រស់នៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ជិះកង់មានទិសដៅពីកើតទៅលិចស្របទិសជាមួយគ្នាដែរ ហើយជនរងគ្រោះបានខ្ទាតចូលក្រោមឡាន ត្រូវកិនស្លាប់តែម្ដង។ សមត្ថកិច្ចបានបន្តទៀតថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យអ្នកជិះម៉ូតូ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកក្មេងស្រីជិះកង់ រងរបួសស្រាល ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែងកត់កំណត់ហេតុ និងនាំរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះតាមនីតិវិធីច្បាប់ ឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕