ទីបំផុតសមត្ថកិច្ចបានចាប់បានឃាតករ ដែលកាប់សម្លាប់ស្រ្តីជាម្ចាស់លុយ ៣៦ម៉ឺនរៀល
ខេត្តពោធិ៍សាត់: ចាប់បានជនសង្ស័យ ករណីកាប់ម្ចាស់លុយ ៣៦ម៉ឺនរៀល រត់គេចខ្លួនដល់ស្រុកវាលវែង កាលពីវេលាម៉ោង ១៣និង០០នាទី នៅចំណុចខាងជេីង រង្វង់ មូល ប្រម៉ោយ ក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងនៅរសៀលថ្ងៃអង្គារនេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុក បានចុះបង្ក្រាបមុខសញ្ញាឃាតកម្ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧និង៣០ នាទី នៅភូមិពោធិលេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យក្រោយពីបានប្រព្រឹត្ត រត់គេចខ្លួនមកស្រុកវាលវែង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។
ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិពោធិ៍លើឃុំត្រើយស្លាស្រុកស្អាងខេត្តកណ្តាល មុខរបរជាងដែក។
សូមជម្រាបថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅផ្ទះជនសង្ស័យ ដើម្បីទារលុយពីជនសង្ស័យ ដែលកន្លងមកប្តីរបស់ជនរងគ្រោះ បានធ្វើការងារជាងដែកជាមួយជនសង្ស័យ ចំនួន៣៦មុឺនរៀល នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ឈ្មោះ ហាន មី ជនរងគ្រោះ បានមកសួរនាំរឿងលុយដែលជំពាក់ប្តីរបស់ខ្លួន ចំនួន៣៦មុឺន ក៏ត្រូវបានជនសង្ស័យកាប់សម្លាប់តែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសួរនាំចាត់ការបន្តតាមនិតិវិធី៕