រថយន្តធុនធំ ឈប់ខ្វះការប្រុងប្រយ័ត្ន ត្រូវបានម៉ូតូបុកពីខាងក្រោយ រងរបួសធ្ងន់ម្នាក់ នៅស្រុកប្រាសាទបាគង
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្តដែលកំពុងចតស្ងៀម បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៥និង៣០នាទីព្រឹក ត្រូវថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ៣០៦-៣០៧ ក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ មានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម C125 សេរីឆ្នាំ ០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AB-2879 បើកបរដោយស្រី្តម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរងរបួសធ្ងន់ បើកបរមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីខាងក្រោយរថយន្តធុនធំ ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-5612 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុ រថយន្តបើករត់មកទិសខាងលិច ដល់ចំណុចខាងក្រោយសណ្ធាគារអង្គរអេរ៉ា បានទុករថយន្តចោលចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។
តាមប្រភពបានបន្ថែមទៀតថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ចំពោះមូលហេតុ គឺបណ្តាលមកពីភាគីខាងរថយន្តធុនធំ ឈប់ខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ អ្នកបើកបរម៉ូតូ ត្រូវបានរថយន្តពេទ្យសឹង្ហរឹទ្ធិរ៉េត ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរងចាំការដោះស្រាយតាមនិតិវិធីច្បាប់៕