ក្រុមគ្រួសារជនរងគ្រោះដង្ហោយសុំស្ថាប័នច្បាប់ជួយរកភាពយុត្តិធម៌ និងចាត់ការតាមផ្លូវច្បាប់ទៅលើគ្រួសារអភិជនមួយ បើកបុកគ្រួសារគាត់ស្លាប់ម្នាក់ នៅក្នុងបុរីសៀងណាំ ក្រុងសៀមរាប
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសេរីទំនើបជាមួយម៉ូតូ បណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ (បាក់ចង្កេះ) ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីត្រូវថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ១៥ ក្នុងបុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ គល់ ហ៊ៅ ភេទប្រុស អាយុ ៦៤ឆ្នាំ មានមុខរបរឃ្វាលគោឱ្យមេការម្នាក់ក្នុងបុរីសៀងណាំ និងគោរបស់គាត់ខ្លះ មានអាសយដ្ឋានបច្ចុប្បន្នរស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ ចំណែកជនបង្ក មិនស្គាល់អត្តសញ្ញាណ តែគេឲ្យដឹងថាជាគ្រួសារអភិជនជំនួញដីធ្លីម្នាក់។
តាមប្រភពបានឱ្យដឹងថា៖ បានឃើញរថយន្តជនបង្ក សេរីទំនើប ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា (មិនចាំឈ្មោះលេខ) បានបើកបរបោះពួយយ៉ាងលឿន ជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា Dream C125 ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F-5008 ដែលកំពុងឆ្លងផ្លូវ បណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ចង្កេះ) ដោយគ្មានអ្នកបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាងមួយម៉ោង ហើយបានស្លាប់ខណៈពេលបញ្ជូនដល់មន្ទីរពេទ្យបានប្រហែលជាង២ម៉ោង ក្រោយមកសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងករណីនេះដែរ សមត្ថកិច្ចនគរបាលចរាចរណ៍បានឱ្យដឹងថា៖ បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ កម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុ។
ពេលនោះក្រុមគ្រួសារជនបង្ក និងគ្រួសារជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ កំពុងដោះស្រាយគ្នាជិតត្រូវហើយ ដោយសុំឲ្យសមត្ថកិច្ចកុំធ្វើរបាយការណ៍អី ព្រោះនឹងសម្រួលគ្នានាពេលឆាប់ៗនេះហើយ ឃើញដូចនោះទើបសមត្ថកិច្ចត្រឡប់ទៅគោលដៅវិញ។
កូនប្រុសរបស់ជនរងគ្រោះបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ថា៖ បន្ទាប់ពីកើតហេតុមួយសន្ទុះធំ ក៏បញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ តែបន្ទាប់ពីព្យាបាលអស់ជាង២ម៉ោង ឪពុករបស់ខ្លួនក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្ដង។ កូនជនរងគ្រោះបន្តទៀតថា៖ នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩នេះ ឃើញមានភាគីជនបង្កមកសម្រួលដល់កន្លែងបុណ្យសពដែរ ដោយគ្រួសារជនបង្កហ៊ានជួយបង់សំណងជំងឺចិត្តត្រឹមតែ ២លានរៀលប៉ុណ្ណោះ ទើបការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថា លុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ ៨លានរៀល ដើម្បីទុកធ្វើបុណ្យសព។
ចុងក្រោយគ្រួសាររងគ្រោះបានសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកភាពយុត្តិធម៌ និងផ្តល់សំណងសមរម្យដល់គ្រួសារពួកគាត់ផង ហើយសុំកុំអាងខ្សែពេក។