យុវតីម្នាក់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងសៀមរាបកាលពីយប់មិញ
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកអ្នកដំណើរ ជាមួយម៉ូតូ បានបណ្តាលឲ្យនារីវ័យក្មេងម្នាក់បាត់បង់ជីវិត និងនារីម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវព្រះសីហមុនី ត្រង់ចំណុចខាងជើងស្តុបស៉ីវុត្ថា ចម្ងាយ ៨០មែត្រ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនរងគ្រោះមានឈ្មោះ រឿន ថារី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរអ្នកលក់ខោអាវអនឡាញ រស់នៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (ស្លាប់) និងជនរងគ្រោះម្នាក់ទៀត រួមដំណើរជាមួយគ្នា មានឈ្មោះ អ៊ី ថូង ភេទ ស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់)។
ជនបង្កមានឈ្មោះ រី សារ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកណ្ដៀង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកបើកបររថយន្តក្រុង)។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូមួយគ្រឿង ម៉ាក Zoomer X ពណ៌សលឿង ពាក់ផ្លាកលេខ 1C -7981 បើកបរមានទិសដៅពីត្បូងទៅជើង ចំណែករថយន្ត ម៉ាក Mitsubishi ពណ៌ក្រហមឈ្នូតស ពាក់ផ្លាកលេខ ភ្នំពេញ 3B -1863 មានទិសដៅពីកើត បត់ឆ្វេង ទៅទិសខាងត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់ ចំណែកម៉ូតូរងការខូចខាតមធ្យម និងរថយន្តក្រុងរងការខូខាតផ្នែកមុខខាងស្តាំ។ មូលហេតុមកពីភាគីខាងរថយន្តក្រុងដឹកអ្នកដំណើរបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន៕
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកវាស់វែង កត់កំណត់ហេតុ នាំយកវត្ថុតាងរក្សាទុកនៅស្នាក់ការ ដើម្បីរង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។