ប្អូនបង្កើតចាក់សម្លាប់បងបង្កើតនៅមុខបន្ទប់ជួល នៅក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនឯកជនត្រូវបានប្អូនបង្កើតចាក់សម្លាប់ ត្រង់ចំណុចមុខបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិ១ ក្រុម១៣ សង្កាត់ទី១ ក្រុងនិងខេត្តព្រះសីហនុ។
ករណីឃាតកម្មចាក់នឹងកាំបិតចុងស្រួច ស្ថិតនៅមុខបន្ទប់ជួលខាងកើតសាលាចំការកៅស៊ូក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យ០១នាក់ មានឈ្មោះ ប៉ុន ភារម្យ ភេទប្រុស អាយុ ៤១ឆ្នាំ (ប្អូនសាកសព) ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ក្រុមទី១៣ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បានយកកាំបិតបន្លែចុង ដងជ័រពណ៌លឿង ចាក់ទៅលើ ឈ្មោះ ប៉ុន ភារិទ្ធ (បងបង្កើត) ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ក្បែរគ្នា ត្រូវក្រោមក្លៀកខាងស្តាំ ០១កាំបិត,ដើមដៃស្តាំ ០១ កាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
វត្ថុតាងចាប់យកបាន កូនកាំបិតចុងស្រួច ដងជ័រពណ៌លឿង០១ (ធ្វើជាអាវុធក្នុងសកម្មភាព) ។
ជនសង្ស័យឈ្មោះ ប៉ុន ភារម្យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតចិតបន្លែ ចុងស្រួច ដើរចេញពីបន្ទប់របស់ខ្លួនមកចាក់បងប្រុសបង្កើតឈ្មោះ ប៉ុន ភារិទ្ធ ប្រាកដមែន ដោយមូលហេតុ “គាត់បានយកកាំបិតផ្គាក់មករកកាប់ខ្ញុំមុន” ក្នុងពេលផឹកសុីស្រវឹងទាស់ពាក្យសំដីគ្នាដែលមានគ្នា០៣នាក់ជាមួយប្រពន្ធគាត់នៅមុខបន្ទប់ជួល ។
ជនសង្ស័យត្រូវកម្លាំងជំនាញបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់ ៕