ម្ចាស់ផ្ទះមិនប្រយ័ត្នបណ្តាលឱ្យឆេះផ្ទះខ្ទេច ដោយសាររឿង អុជធូប និងទៀនទុកចោល
ខេត្តសៀមរាប៖ ករណីអគ្គិភ័យឆេះផ្ទះទាំងស្រុង ដោយសារម្ចាស់ផ្ទះ អុជធូប និងទៀន សុំសេចក្តីសុខចម្រើន អុជរួចទុកចោលចុះមកក្រោមផ្ទះ ហេតុការណ៍នេះបានកើតឡើងនៅចាប់ពីម៉ោង ១១និង៥០នាទីយប់ រលត់ទៅវិញម៉ោង១និង០០នាទីយប់ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ម្ចាស់ផ្ទះមានឈ្មោះ សាយ លី ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាម។
បើតាមសមត្ថកិច្ចបានឪ្យដឹងថា៖ ករណីឆេះផ្ទះខាងលើនេះ មិនបណ្តាលឱ្យមានការរាលដាល ឆ្លងដល់ផ្ទះអ្នកជិតខាងទេ ហើយមិនបង្កឱ្យមាននរណាម្នាក់រងរបួសឡើយ ហើយករណីនេះ បង្កឲ្យមានការខូចខាត ផ្ទះ១ខ្នងអស់ទាំងស្រុង ទំហំ៧គុណ៩ម៉ែត្រ ប្រក់ក្បឿងឈើលើ ថ្មក្រោម កម្ពស់៥ម៉ែត្រ, ម៉ូតូ ១គ្រឿង ម៉ាកសង់ឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ និងសម្ភារៈមួយចំនួនទៀត ដែលនៅក្នុងផ្ទះ។
ក្នុងពេលកំពុងកើតហេតុ សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ក្នុងនោះមានរថយន្ដស្នងការនគរបាលខេត្តចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន និងរថយន្ដទឹកខាងអាជ្ញាធរអប្សរា ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ។
ចំពោះមូលហេតុការឆេះនេះ ដោយសារម្ចាស់ផ្ទះគាត់ ដុតធូប និងដុតទៀន មិនបានប្រយ័ត្ន បណ្ដាលឱ្យឆេះផ្ទះតែម្ដង ។
រាយការណ៍ដោយ៖ សាំង សំណាង