មនុស្ស៣នាក់រងរបួស ក្នុងហេតុការណ៍រថយន្តធុនធំ ៣គ្រឿងបុកគ្នា នៅស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ៖ រថយន្តធុនធំ ៣គ្រឿងបានបុកបន្តគ្នាពេញទំហឹង បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ និងស្រាល រីឯរថយន្តធំទាំង៣គ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ ៧២ និងលេខ៧៣ ត្រង់ចំណុចមុខការាសសាំងឈ្មោះ ធី មានហេង ស្ថិតក្នុងភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា៖ រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ដឹកស្រូវ ពាក់ស្លាកលេខ កំពង់ធំ 3A-3949 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃ ចូលចំណែកផ្លូវម្ខាងទៀត ធ្វើឱ្យបុករថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 3C-0931 ចំពីចំហៀងខាងឆ្វេង ដែលកំពុងបើកបរពីត្បូងមកជើង ហើយរថយន្តបង្កដដែល បានបន្តជ្រុលទៅបុករថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ដឹកជី ពាក់ស្លាកលេខ កំពង់ចាម 3A-6317 ដែលបើកបរពីក្រោយរថយន្តដឹកស៊ីម៉ង់ត៍ ចំពីមុខពេញទំហឹងគាបជាប់អ្នកបើកបរម្នាក់។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអូររាំងឪបានឱ្យដឹងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត២គ្រឿង បានបុកគ្នាក្នុងដំណើរបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3949 រ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ កំពង់ចាម 4A-1480 (ដឹកស្រូវ )បើកបរដោយឈ្មោះ ទុយ ចាន់ដារិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ រសឮនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) បុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-0931 រ៉ឺម៉កសណ្តោង ពាក់ផ្លាកលេខ ភ្នំពេញ 4A-5774 (ដឹកស៊ីម៉ង់ត៍) បើកបរដោយឈ្មោះ អាំ នឿន ភេទប្រុស អាយុ ២៥ឆ្នាំ ជាតិខ្មែរ រសនៅភូមិព្រែកតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (គ្មានរបួស) និងបង្កជាមួយរថយន្ត ១គ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ កំពង់ចាម 3A-6317 រ៉ឺម៉កសណ្តោង ពាក់ស្លាកលេខ កំពង់ចាម 4A-0894 (ដឹកជី) បើកបរដោយឈ្មោះ ថុល ឃ្លី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (រងរបួសស្រាល)។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ។ ចំពោះករណីនេះបណ្តាលមកពីអ្នកបើកបរ (ងងុយដេក)។ ចំពោះវត្ថុតាងរថយន្តចំនួន ៣គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីចាត់ការទៅតាមនីតិវិធី៕