ករណីបង្ក្រាបល្បែងអនឡាញខុសច្បាប់នៅក្រុងបានលុង សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ខេត្តរតនគីរី៖ កាលពីថ្ងៃទី១៣ ខែកក្កដា  ឆ្នាំ២០២៤ វេលាម៉ោង១៥ និង​៣០នាទី​ ដោយទទួល​បានព័ត៌មាន​រាយការណ៍ពី​ប្ប្រជាពលរដ្ឋមាន​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​ (ឆ្នោតឡូតូ​អេឡិចត្រូនិក​)​ មួយកន្លែង​នៅ​ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ឡត​ ចាន់ណា​ ស្ថិត​ក្នុង​ភូមិ​ អូរកន្តិល​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​ កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​ក្រុងបានលុង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​បឹងកន្សែងដឹកនាំ​ និង​បញ្ជា​ផ្ទាល់​ដោយលោក​វរសេនីយ៍ឯក​ ហួត​ បូរី​ អធិការ​នគរបាល​ក្រុង​បាន​លុង​ ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង បានចុះពិនិត្យដល់ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន០២នាក់​ ដេីម្បី​យកមក​សួរ​នាំ​នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាន​លុង។

ជនសង្ស័យ​ដែលត្រូវឃាត់ខ្លួនឈ្មោះ​៖ ១-ឈ្មោះ​  ផែន​ សូដា ភេទស្រី​ អាយុ​២៥ឆ្នាំ​ ជនជាតិ​ខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិអន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មុខរបរ​ បុគ្គលិកក្រុមហ៊ុន។ ២-ឈ្មោះ ឡត​ ចាន់ណា ភេទប្រុស​ អាយុ៥៣ឆ្នាំ ជនជាតិឡាវ ​ទីលំនៅបច្ចុប្បន្នភូមិអូរកន្តិល សង្កាត់បឹងកន្សែង​ ក្រុងបានលុង​ មុខរបរ​ មន្រ្តីរាជការ​ (ម្ចាស់​ទីតាំង​)។ ចំពោះសម្ភារៈ​ជាវត្ថុ​តាង​ដែលបានដកហូត​រួមមាន​៖ ១-ទូរស័ព្ទម៉ាក oppo ពណ៌ខ្មៅ ចំនួន ០១ គ្រឿង​ ២-កុំព្យូទ័រ​ Laptop ចំនួន​០១គ្រឿង និងសៀវភៅ​បញ្ជី​ចំនួន០១ក្បាល​។

បើតាមចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ ផែន​ សូដា បាន​សារភាពប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​លេងល្បែងស៊ីសងខុសច្បាប់​(ឡូតូអនឡាញ))ពិត​ប្រាកដ​មែន​ ដោយ​ឈ្មោះ​ គឹ​ម​ សុភក្រ្ត័ បានអោយខ្លួនធ្វើជាបុគ្គលិក​ ព្រមទាំង​ធ្វេី​កិច្ចសន្យាការងារជាមួយ​ ចុះថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២៤។

​ចំណែកចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​ ឡត​ ចាន់ណា បាន​សារភាពប្រាប់​សមត្ថកិច្ច​ថា​ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ ផ្ដល់​ទីតាំង​ លេងល្បែងស៊ីសងខុសច្បាប់​(ឡូតូអនឡាញ)​ ពិត​ប្រាកដ​មែន​ ដោយ​ឈ្មោះ​ គឹ​ម​ សុភក្រ្ត័ បានជួលទីតាំងរបស់​ខ្លួន ព្រមទាំងធ្វេីកិច្ចសន្យាជួល​ ចុះថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៤។

លោក កែវ ពិសុទ្ធ អ្នកនាំពាក្យអមសាលាដំបូងខេត្តរតនគរីបានឲ្យដឹងថា បច្ចុប្បន្ន​​វត្ថុ​តាង​ ព្រមទាំង​ជនសង្ស័យទាំង០២នាក់​ ​ខាងលើ​ត្រូវ​បាន​ដដកហូតរក្សាទុក​ និង​​ឃាត់ខ្លួន​ ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការអមសាលាដំបូងខេត្តចាត់​ការ​តាម​នីតិវិធី​៕

អត្ថបទពាក់ព័ន្ធ