រថយន្តដឹកអ្នកដំណើរសាធារណ: បុកម៉ូតូបណ្ដាឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ នៅក្រុងរុនតាឯកតេជោសែន


ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើរសាធារណ: បុកម៉ូតូបណ្ដាឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣០នាទីល្ថាច ត្រូវថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្សារុនតាឯកថ្មី ស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ ជនរងគ្រោះជាអ្នកបើកបរម៉ូតូ មានឈ្មោះ ពៅ ម៉ៅ ភេទស្រី អាយុ ៥៦ឆ្នាំ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ត្រូវរបួសធ្ងន់ត្រង់ជង្គង់ខាងស្ដាំ។ ចំណែកអ្នកបើកបររថយន្ត មានឈ្មោះ ប៊ិន ណារិន ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖  ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្តដឹកអ្នកដំណើរសាធារណ:មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ រដ្ឋ 07 3-1801 មានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1J-6948 បុកចំពេញទំហឹង អូសម៉ូតូចម្ងាយប្រហែល ១០ម៉ែត្រ បណ្ដាឱ្យស្រ្តីម្នាក់រងរបួសធ្ងន់ ភ្លាមៗជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្តសៀមរាប។

ចំពោះមូលហេតុ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែង កត់កំណត់ហេតុ និងនាំវត្ថុតាង រថយន្ត ម៉ូតូ យកមករក្សាទុកនៅស្នាក់ការ រង់ចាំការដោះស្រាយតាមនីតិវិធី។

អត្ថបទពាក់ព័ន្ធ