មនុស្សម្នាក់បានស្លាប់ និងបីនាក់ទៀតរងរបួស ក្នុងហេតុការណ៍ដើមឈើដួលរលំត្រូវលើរូបចម្លាក់និងសង្កត់មកលើរ៉ឺម៉កម៉ូតូ នៅស្ពានទន្លេអុំ
ខេត្តសៀមរាប៖ នៅវេលាម៉ោង ១៧និង៣០នាទីល្ងាច ត្រូវថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលរលំដើមឈើដ៏ធំ១ដើម សង្កត់មកលើ រូបចម្លាក់ និងសង្កត់មកលើរ៉ឺម៉កម៉ូតូមួយគ្រឿង បណ្ដាលអោយអ្នកធ្វើដំណើរជាជនជាតិខ្មែរ បានស្លាប់ម្នាក់ ដែលជាអ្នកបើកបរ និងរងរបួសចំនួន ០៣នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល០២នាក់ ខណៈកំពុងធ្វើដំណើរតាមដងផ្លូវឆ្លងកាត់តាមប្រាសាទក្លោងទ្វារទន្លេអ៊ុំ ដែលស្ថិតនៅតាមបណ្តោយផ្លូវស្ពានទន្លេអុំឆ្លងកាត់ចូល ប្រាសាទបាយ័ន ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មានពីឧបទ្ទវហេតុគ្រោះធម្មជាតិនេះ លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរា បានដឹកនាំកម្លាំងចុះពិនិត្យ និងជួយសង្គ្រោះអ្នករងគ្រោះ។ បច្ចុប្បន្នជនរងគ្រោះបានជួយសង្រ្គោះ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់ពីមានករណីរលំដើមឈើសង្កត់មនុស្សស្លាប់ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង ០០ និង ១៥ នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដើមឈើដែលបានដួលរលំ នៅចំណុចខ្លោងទ្វារទន្លេអុំ ត្រូវបានដកចេញរួចរាល់ហើយ ចំពោះការធ្វើដំណើរឆ្លងកាត់តាមគន្លងផ្លូវនេះ អាចធ្វើចរាចរឡើងវិញចាប់ពីពេលនេះតទៅ។ នេះបើតាមអាជ្ញាធរជាតិអប្សរា បានបង្ហោះលើគណនីហ្វេសប៊ុកផេក។