រថយន្ត ១គ្រឿង បុករះម៉ូតូកង់បីឥណ្ឌា​ បណ្ដាលឱ្យក្រឡាប់ ២គ្រឿង​ និងរថយន្ត ២គ្រឿង​ រងការខូចខាត​ នៅខាងជើងអង់តែនទួលគោក

(ភ្នំពេញ) ៖​ មានករណីរថយន្តបុករះ​ ដោយរថយន្ត ០១ គ្រឿង ជិះដោយក្មេងប្រុស ០២ នាក់ បងប្អូន​ បានជ្រុលចង្កូតទៅបុករះម៉ូតូកង់ឥណ្ឌា ចំនួន​ ០២ គ្រឿង​ ក្នុងទិសដៅស្របគ្នា បណ្តាលឱ្យប្រឡាប់​ និងជ្រុលទៅបុកជាមួយរថយន្ត​ ០១ គ្រឿង​ ម៉ាក​ Lexus RX300 និងរថយន្តម៉ាក​ Toyota Prius​ ជាបន្តបន្ទាប់ បណ្តាលឱ្យរងការខូចខាត​ ។

ករណី​គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង​ ០៤ ៖ ៤០ នាទីល្ងាច​ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២៤​ នៅខាងជើងអង់តែនទួលគោក ចំណុចផ្លូវ៣៥៥​ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

រថយន្តដែលបង្កគ្រោះថ្នាក់ម៉ាក​ Toyota Raize ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BZ-7868 បើកបរដោយក្មេងជំទង់ម្នាក់ រួមចំណើរជាមួយក្មេងម្នាក់ទៀត ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ​ បានឱ្យដឹងថា​ នៅមុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរតាមផ្លូវលេខ៣៥៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន​ ក៏បានជ្រុលទៅបុកកង់បី ចំនួន​ ០២ គ្រឿង​ ក្នុងទិសដៅស្របគ្នាជាបន្តបន្ទាប់ បណ្តាលឱ្យក្រឡាប់ទាំង ០២ ។​ បន្ទាប់ពីគ្រោះថ្នាក់​ រថយន្តបន្តល្បឿនទៅបុករថយន្តម៉ាក​ Lexus RX300 ០១ គ្រឿង និងរថយន្តម៉ាក​ Toyota Prius ០១ គ្រឿងទៀត ។

នៅក្នុងគ្រោះថ្នាក់នេះ​ បណ្តាលអ្នករត់ម៉ូតូកង់បីម្នាក់ បានរងរបួសស្រាល​ និងបង្កឱ្យម៉ូតូកង់បី ចំនួន​ ០២ គ្រឿង​ និងរថយន្ត​ ០២ គ្រឿង​ បានរងការខូចខាត ។​ ដោយឡែករថយន្តបង្កខ្ទេចខាងមុខធ្ងន់ធ្ងរ ។

ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្រួលចរាចរណ៍​ និងទាក់ទងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក​ ដើម្បីវាស់វែង​ និងសម្របសម្រួលដោះស្រាយ ៕

អត្ថបទពាក់ព័ន្ធ