សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងករណីបាញ់គ្នានៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ៖ ករណីជនជាតិចិនចំនួន២ក្រុម បានផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឲ្យមនុស្សចំនួន៣នាក់ (ជនជាតិចិន២នាក់ និងខ្មែរម្នាក់) រងរបួស និងបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន កាលពីវេលាម៉ោង ២២ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខសណ្ឋាគារ សមុទ្រខៀវ ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង២យប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅចំណុចសណ្ឋាគារមួយកន្លែង ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ព្រមទាំងដកហូតបានអាវុធខ្លីចំនួន១ដើម។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ហ្សាង តាវ (ZHANG TAO) ជនជាតិចិន អាយុ៤៣ឆ្នាំ មុខរបរបោះដុំគ្រឿងអគ្គិសនីពីចិន មានទីលំនៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ អាវុធខ្លី ០១ដើម ម៉ាក ZORAKI MOD 914-TD និងប្រដាប់ខ្ទប់សម្លេង ១ រថយន្ដ ១គ្រឿង ម៉ាក LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2C-9898 ។
ចំណែកជនរងគ្រោះ ទាំង០៣នាក់ មានឈ្មោះ៖
១-ឈ្មោះ នឿន វ៉ាន់ដេត ភេទប្រុស ជនជាតិខ្មែរ អាយុ ១៧ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារ សមុទ្រខៀវ មានទីលំនៅ ក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ (រងរបួស ប្រអប់ដៃខាងឆ្វេង និងពោះខាងឆ្វេង) ។
២-ឈ្មោះ ជាំង គុនហ្សាំង (JIANG KUNZHENG) ភេទប្រុស ជនជាតិចិន អាយុ ៤៥ឆ្នាំ មុខរបរ បើករោងចក្រលក់ទំនិញ ស្នាក់នៅ ផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួស ក្រោមដោះខាងស្តាំ និងក្បាលផ្នែកខាងឆ្វេង) ។
៣-ឈ្មោះ ឆីន យានជុន (QIN YANJUN) ភេទប្រុស ជនជាតិចិន អាយុ ៤៥ឆ្នាំ មុខរបរ អ្នកដាំដើមឈើ ស្នាក់នៅផ្ទះលេខ045 ផ្លូវលេខ OV10M ភូមិព្រែកតាគង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (រងរបួសជើងខាងឆ្វេង និងក្បាលផ្នែកខាងស្តាំ) ។
បច្ចុប្បន្ន អ្នករងរបួសទាំង០៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។
ករណីនេះកើតឡើងដោយសារភាគីទាំង២ បានឈ្លោះប្រកែកពាក្យសម្តីគ្នា និងស្រវឹងស្រា បង្កជាជម្លោះហិង្សា រហូតដល់ផ្ទុះអាវុធកើតឡើង។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសាកសួរតាមនីតិវិធី៕