សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីជីកដីរុករករ៉ែ
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសហការ ដឹកនាំដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ ឈានដល់ធ្វើការបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ រួមទាំងវត្ថុតាង និងដកហូតសម្ភារមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែដោយគ្មានលិខិតអនុញាតិ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន។
ការឃាត់ខ្លួនជនសង្ស័យ មានគ្នាចំនួន ១១នាក់ ក្នុងនោះសមត្ថកិច្ចរឹបអូស ដកហូតវត្ថុតាង និងសម្ភារៈរួមមមាន រថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF 7045 ១គ្រឿង និងម៉ាក RANGE ROVER ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 6496 ចំនួន ១គ្រឿងថែមទៀត ទូរស័ព្ទដៃចំនួន១៣គ្រឿងផងដែរ រួមទាំងសម្ភារៈជីកកាយដីមួយចំនួនទៀត និងម៉ាស៊ីន ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ខាងលើ រួមទាំងឧបករណ៍ (ម៉ាស៊ីន) សម្ភារដែលបានដកហូត បញ្ជូនទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ពាក់ព័ន្ធករណីជីកកាយដីរុករករ៉ែខាងលើ គេមិនបានបញ្ជាក់អំពីរ៉ែប្រភេទអ្វីនោះទេ ៕