កម្លាំងនគរបាលខេត្តសៀមរាប បំបែកសំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីជីកក្តាមនៅស្រុកអង្គរជុំ ឃាត់ខ្លួនបានយុវជនម្នាក់ជាជនដៃដល់ជាអ្នកភូមិជាមួយគ្នា


ខេត្តសៀមរាប៖ ករណីឃាតកម្មលើក្មេងស្រី ជីកក្តាម នៅស្រុកអង្គរជុំ ដ៌អាថ៌កំបាំងត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាប ប្រើប្រាស់រយះពេលជិត២ខែ ស្រាវជ្រាវ និងបង្ក្រាបបានហើយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប ។

ជនសង្ស័យមានឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ ភូមិឃុំជាមួយគ្នា ។

មើលរូបភាពច្បាស់ៗក្នុងគ្រុបតេឡេក្រាមព័ត៌មានខេត្តសៀមរាប t.me/siemreaptoday/52504

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា៖ ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុកចុងរបស់ក្មេងស្រីរងគ្រោះវាយឲ្យរងរបួសកាលពីដើមខែមករា ឆ្នាំ២០២៥កន្លងទៅ ទើបរូបគេខឹង ដោយឃើញក្មេងស្រីរងគ្រោះកំពុងលេងទឹកម្នាក់ឯងនៅចំណុចកើតហេតុខាងលើ ខ្លួនបានដើរសំដៅទៅរកក្មេងស្រីរងគ្រោះពីខាងក្រោយ បានធ្វើសកម្មភាពប្រើដៃស្តាំច្របាច់ ក ក្មេងស្រីរងគ្រោះ ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះក្មេងស្រីរងគ្រោះបានរើបម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ  រូបខ្លួនដឹងថាក្មេងស្រីរងគ្រោះបានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីងនៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។

អត្ថបទពាក់ព័ន្ធ