នគរបាលខេត្តសៀមរាប កិនកម្ទេចចោលបំពង់ស៊ីម៉ាំងម៉ូតូកែច្នៃប្រមាណ ៣០០ និងភ្លើងហ្វា ៥០ ដែលល្មើសច្បាប់ចរាចរណ៍ បង្កសម្លេងខ្លាំងៗប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានរៀបចំពិធីកិនកម្ទេចចោល បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ (ប្រែន) ប្រមាណ ៣០០ និងភ្លើងហ្វា ៥០ ដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បង្រ្កាប និងដកហូតពីក្រុមក្មេងទំនើងបើកបរបង្កសម្លេងលាន់ឮរំខានការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។
ពិធីកម្ទេចនេះដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានធ្វើការឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ស្នងការ បានអំពាវនាវឱ្យក្មួយៗយុវជន ដែលប្រើប្រាស់បំពង់ស៊ីម៉ាំងម៉ូតូ (ប្រែន) ត្រូវបញ្ឈប់នាំគ្នានាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សាធារណៈនិងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ។