បុរសម្នាក់ ដែលប្រើហិង្សាលើស្ដ្រីអ្នកសុំទានសរសៃខ្ចី និងជេរប្រមាថ រួចថតបង្ហោះតាមបណ្ដាញសង្គម ពេលនេះត្រូវប៉ូលិសខេត្តសៀមរាប បញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធី
ខេត្តសៀមរាប៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានស្នើសុំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការជាមួយ ធ្វើការស្រាវជ្រាវរហូតដល់នាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) យកមកធ្វើការសាកសួរ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡេ ថារ៉ូ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព វាយទៅលើស្ត្រីរងគ្រោះខាងលើ និងបានជេរប្រមាថពិតប្រាកដមែន។
ជនសង្ស័យបានសារភាពបន្តថា៖ នៅវេលាម៉ោង ១និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិត pub street ក្នុងក្រុងសៀមរាប ពេលនោះ រូបខ្លួនបានឃើញស្រ្តីអ្នកសុំទានម្នាក់ និងមានកូនតូច កំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ ភ្លាមនោះរូបខ្លួន បានដើរទៅនិយាយណែនាំ និងឲ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែស្រ្តីសុំទានរូបនោះមិនព្រមស្តាប់ រូបខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួន ថតវីដេអូ និងបានធ្វើសកម្មភាព វាយទៅលើស្ត្រីសុំទានរូបនោះ ចំនួន០២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថទៅលើស្រ្តីសុំទានថែមទៀតផង បន្ទាប់មកស្រ្តីសុំទានរូបនោះបានគេចចេញបាត់ រូបខ្លួនក៏បានយកវីដេអូសកម្មភាពមកបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ro BiTo តែម្តង ។
សូមរំលឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីមួយ ដោយភ្ជាប់រូបភាពប្រើអំពើហិង្សាវាយអ្នកសុំទានសរសៃខ្ចី បានប្រព្រឹត្តនៅទីតាំង មុខម៉ាត 7 ELEVEN ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួន រហូតសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនបាននៅរាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធីច្បាប់៕