មន្រ្តីនគរបាលម្នាក់នៅស្រុកក្រឡាញ់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្ដ០២គ្រឿង និងម៉ូតូ០១គ្រឿងបុកគ្នា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ 


ខេត្តសៀមរាប៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏តក់ស្លុតនៅស្រុកក្រឡាញ់ បណ្ដាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ ០១នាក់ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា៖ រថយន្ដមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2875 បើកក្នុងទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូ១គ្រឿង ម៉ាក HONDAD DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X-4253 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នា ហើយរថយន្តបន្តទៅបុករថយន្តកែច្នៃ ពណ៌ខៀវ គ្មានផ្លាកលេខ ដែលឈប់ក្បែរចិញ្ចើមផ្លូវ ។

ជនរងគ្រោះភាគីខាងម៉ូតូ មានឈ្មោះ ហោ សុរិទ្ធ ជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ រួមដំណើរជាមួយជនរងគ្រោះ ឈ្មោះ ដាត់ សារិន មុខរបរជាមន្រ្តីនគរបាលក្នុងស្រុកក្រឡាញ់ មានតួនាទី នាយរងផ្នែកប្រឆាំងគ្រឿងញៀន ជាអ្នកជិះម៉ូតូខាងក្រោយ បានស្លាប់បាត់បង់ជីវិត ។

ចំណែកភាគីខាងរថយន្ត ជនរងគ្រោះ មានឈ្មោះ ហ៊ុល ចាន់ធល ជាអ្នករួមដំណើរក្នុងរថយន្ដ Hyundai គៀបជាប់ក្នុងរថយន្ត បានស្លាប់បាត់បង់ជីវិត ចំពោះអ្នកបើករថយន្ដ Hyundai បានរត់គេចខ្លួនបាត់ក្រោយកើតហេតុ ។

ភ្លាមៗ ក្រោយទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប  បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ និងនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ធ្វើអន្តរាគមន៍ពិនិត្យ និងជួយសង្គ្រោះជនរងគ្រោះ ដែលរងរបួសធ្ងន់ម្នាក់ដឹកតាមរថយន្តសង្គ្រោះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក ។ ចំណែកមនុស្សចំនួន ០២នាក់ទៀត ស្លាប់នៅកន្លែងកើតហេតុ ក៏ត្រូវបានកងកម្លាំងចម្រុះ ធ្វើការកាត់បំណែករថយន្ត យកសាកសពប្រគល់ជូនក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។

ក្រៅពីធ្វើអន្តរាគមន៍ជួយសង្គ្រោះអ្នករងគ្រោះ ក្នុងករណីនេះនៅកន្លែងកើតហេតុ សមត្ថកិច្ចជំនាញក៏បានធ្វើការវាស់វែង កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើនេះផងដែរ៕

អត្ថបទពាក់ព័ន្ធ