សូមប្រុងប្រយ័ត្នបងប្អូន.! បុរសម្នាក់ត្រូវប៉ូលិសខេត្តសៀមរាបបញ្ជូនខ្លួនចូលគុក ពាក់ព័ន្ធករណីក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ក្លែងបន្លំរូបភាព AI ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌ ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ជនសង្ស័យ មានឈ្មោះ ហុង ភា ភេទប្រុស អាយុ ៣០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា ៖ ខ្លួនបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប ។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ខ្លួនបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដ តាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។

ជនសង្ស័យខាងលើបានបន្តទៀតថា ៖ ដោយកន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព ។

យោងតាមអោយដឹងពី លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានដោយដឹងថា នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនត្រូវចោទ ឈ្មោះ ហុង ភា ដែលពាក់ព័ន្ធករណី ឆបោក តាមរយៈបណ្តាញសង្គម ត្រូវបាន លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាបហើយ ៕

សូមក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ដោយសារបច្ចេកវិទ្យា AI កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត ធ្វើឲ្យជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ ។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា៕

អត្ថបទពាក់ព័ន្ធ