កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ
ខេត្តសៀមរាប៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ជាជនជាតិវៀតណាម បានពាក់ព័ន្ធនឹងករណីអំពើលួច (លួចម៉ូតូ) ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួនម្នាក់ ៖
ជនសង្ស័យមានឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហូ យ៉ាំងសៀន ។ ដោយនៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប 1AL 0738 រួចគេចខ្លួនបាត់ ។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង មកធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ៖ រូបខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថា ៖ កាលពីថ្ងៃទី៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២:១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប រូបខ្លួនបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប 1AK 5403 ។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចយើងក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួចមកហើយផងដែរ ។
វត្ថុតាងដែលសមត្ថកិច្ចបានធ្វើការដកហូតពីជនសង្ស័យរួមមាន ៖ ម៉ូតូរបស់ជនរងគ្រោះ ចំនួន ០២គ្រឿង និងលួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ ។ ក្នុងនោះកម្លាំងសមត្ថកិច្ចយើងក៏បានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផល វិជ្ជមាន (មានសារធាតុញៀនក្នុងខ្លួន) ។
ជនសង្ស័យខាងលើ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។ ចំណែកឯវត្ថុតាងរួមមាន ម៉ូតូចំនួន ០២គ្រឿង កម្លាំងសមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះដែលជាម្ចាស់វិញផងដែរ ៕