កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបក្មេងទំនើងបានជាង ៣០នាក់
ខេត្តសៀមរាប ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការចុះបង្ក្រាបក្មេងទំនើងជាច្រើនក្រុម បានជាង ៣០នាក់ ពាក់ព័ន្ធករណី ជិះម៉ូតូប្រដេញគ្នាស្រែកឡូឡា និងដេញវាយគ្នា កាលពីម៉ោង ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅពីរទីតាំងផ្សេងគ្នា ទីតាំងទី១ នៅម្តុំវត្តកោសា និងទីតាំងទី២ នៅក្បែរស្ពានព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ជា រតន: នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋភ្លាមៗ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានក្រុងសៀមរាប ចុះប្រដេញចាប់ក្រុមក្មេងទំនើងបានជាង ៣០នាក់ នៅចំណុចទីតាំងខាងលើ ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតរួមមានអាវុធ កាំបិត ដំបងឫស្សី ដុំឥដ្ឋ ខ្សែក្រវាត់ និង ម៉ូតូ ជាង១០គ្រឿង ដែលធ្វើសកម្មភាព ។
ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តសៀមរាប បេសកកម្មបង្ក្រាបក្រុមក្មេងទំនើង និងបទល្មើសនានា នៅតែបន្តធ្វើដូចភ្លៀងរលឹម ដើម្បីរក្សា សណ្តាប់ធ្នាប់ សាធារណ: សន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
បច្ចុប្បន្នក្រុមក្មេងទំនើងជាង៣០នាក់ និងវត្ថុតាង ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវ និងអនុវត្តនីតិវិធីបន្ត ៕









