កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត
ខេត្តសៀមរាប ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៥:៤០នាទីរសៀល ត្រូវថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ៖ កាលពីវេលាម៉ោង ០៩:៥៨នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរសព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីករណីបាត់ម៉ូតូ ដោយជនសង្ស័យម្នាក់ បានចូលទៅក្នុងហាងមួយកន្លែង ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏បាននិយាយលេងជាមួយម្ចាស់ម៉ូតូមួយសន្ទុះ ជនសង្ស័យក៏បានសុំខ្ចីម៉ូតូរបស់ជនរងគ្រោះ ម៉ាក CBR ហុងដា ០១គ្រឿង ពណ៌ស ឆ្នាំ២០១៦ ផ្លាកលេខបន្ទាយមានជ័យ 1N-2700 ថាទៅទិញបាយហូប ជនរងគ្រោះជាម្ចាស់ម៉ូតូក៏បានឱ្យសោរម៉ូតូទៅជនសង្ស័យ ក្រោយពីបានសោរម៉ូតូ ជនសង្ស័យក៏ជិះទៅបាត់ដោយមិនបានយកម៉ូតូមកឱ្យជនរងគ្រោះជាម្ចាស់ម៉ូតូវិញនោះទេ ។ បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតនៅវេលាម៉ោង១៥:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញកងរាជអាវុធហត្ថក្រុងសៀមរាប បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២០ឆ្នាំ និងម៉ូតូ ០១គ្រឿង របស់ជនរងគ្រោះ នៅចំណុចលើផ្លូវបេតុង ស្ថិតនៅភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពាក់ព័ន្ធនឹងករណីលួច ។
ជនសង្ស័យខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ណែនាំឱ្យម្ចាស់ម៉ូតូធ្វើការផ្លាស់ប្ដូរបំពង់ស៊ីម៉ាំងដែលបំពាក់ខុសលក្ខណៈបច្ចេកទេសជាមុនសិន ទើបប្រគល់ឱ្យត្រឡប់ទៅវិញ ។