កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០៥ នាក់ ពាក់ព័ន្ធនឹងករណីហិង្សា និងករណីអំពើលួច


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិត) និងករណីអំពើលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា (ឆក់កាបូបបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ) ។

ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន ០៥ នាក់មានឈ្មោះ ៖

០១- ឈ្មោះ សុខ រក្សា ហៅញ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រវត្តិទោសគ្មាន ។
០២- ឈ្មោះ ហឿយ លីហុក ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តខេត្តសៀមរាប ប្រវត្តិទោសគ្មាន ។
០៣- ឈ្មោះ ឈឿង វិឆៃ ហៅគួយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រវត្តិទោសគ្មាន ។
០៤- ឈ្មោះវ៉ាន ដេវិត ហៅវីត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តខេត្តសៀមរាប ប្រវត្តិទោសគ្មាន ។
០៥- ឈ្មោះ សេ សេន ហៅស៊ីស ភេទប្រុស អាយុ១៤ឆ្នាំមុខរបរកម្មករ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ប្រវត្តិទោសគ្មាន ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង ៣២នាទី នៅចំណុចមុខហាងយីហោ Brother ក្នុងភូមិបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិត) បង្កឡើងដោយជនសង្ស័យជាមនុស្សប្រុសមានគ្នាច្រើននាក់ បានធ្វើសកម្មភាពជិះម៉ូតូដោយក្នុងដៃប្រដាប់ដោយកាំបិត ហើយចុះដេញកាប់ជនរងគ្រោះ មានឈ្មោះ សិ ធី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប បណ្តាលឲ្យជនរងគ្រោះរងរបួសដាច់រយះកែងដៃខាងឆ្វេង ដេរជាង២០ថ្នេរ ហើយជនរងគ្រោះដួលទៅនឹងដី និងវាយទៅលើខ្នងជនរងគ្រោះបន្ថែមទៀត ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានចុះទៅកន្លែងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានភិនភាគជនសង្ស័យខាងលើ លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង០០នាទី សមត្ថកិច្ចយើងបានឃាត់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងកាំបិតចំនួន ០២ ដើម និងម៉ូតូ ០១ គ្រឿង យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យទាំង ០៤ នាក់បានឆ្លើយដូចគ្នាថាពួកខ្លួន បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន ។

សមត្ថកិច្ចយើងបានសួរនាំបន្ថែម ជនសង្ស័យឈ្មោះ សុខ រក្សា ហៅញ៉ា និងជនសង្ស័យឈ្មោះ ឈឿង វិឆៃ ហៅគួយ បានឆ្លើយសារភាពថាពួកខ្លួន និងបក្ខពួកឈ្មោះ សេ សេន ហៅស៊ីស ធ្លាប់បានធ្វើ់សកម្មភាពឆក់កាបូប និងទូរស័ព្ទសរុបចំនួន ០៩ ករណី បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០ និង ០០នាទី សមត្ថកិច្ចយើងបានបន្តយកជនសង្ស័យឈ្មោះ សេ សេន ហៅស៊ីស និងបានយកមកសួរនាំ ក្រោយពេលសួរនាំជនសង្ស័យទាំងបីបានឆ្លើយសារភាពថាពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទ សរុបចំនួន ០៩ លើក ដោយធ្វើសកម្មភាពឆក់កាបូបលើកចុងក្រោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង ១៥នាទី នៅចំណុចតាមបណ្តោយផ្លូវ ក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ឆក់កាបូប របស់ជនរងគ្រោះឈ្មោះ យ៉ាត ណាក់ ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប តែមិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន កាំបិតចំនួន ០២ ដើម ទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿង និងម៉ូតូចំនួន ០១ គ្រឿង ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងប្រាំនាក់ ជាលទ្ធផល អវិជ្ជមាន  ។

ជនសង្ស័យទាំង ០៥​ នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ