កម្លាំងនគរបាលក្រុងសៀមរាប ក្របួច​បាន​ចោរឆក់​ម្នាក់ ​ក្រោយ​ឆក់កាបូបនារីម្នាក់បណ្ដាលឱ្យរដួលម៉ូតូអូសនឹងថ្នល់កៅស៊ូរបួសធ្ងន់ នៅផ្លូវក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ


ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់ហិង្សា (ឆក់កាបូបបណ្ដាលឱ្យជនរងគ្រោះដួល) នៅចំណុចតាមបណ្ដោយផ្លូវស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង ១៩និង៣០នាទីយប់ ។

ការចុះបង្រ្កាបនេះដោយមានការយកចិត្តទុកដាក់ និងមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៨និង៣០នាទីយប់ ។

ជនសង្ស័យមាន​ ឈ្មោះ ស៊ិន ពុទ្ធបញ្ញារិទ្ធ  ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងដែក មានស្រុកកំណើតសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ និង បច្ចុប្បន្នរស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ពីមុនជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធករណីឆក់ ។

ចំណែកជនរងគ្រោះមានឈ្មោះ ព.ស.ប ភេទ ស្រី អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកហាង មានទីលំនៅបច្ចុប្បន្ននៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ៖ ជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ឆក់កាបូប នៅទីតាំងខាងលើ បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូអូស នឹងថ្នល់កៅស៊ូ របួស បែកចិញ្ចើមខាងឆ្វេង និងដាច់រលាត់លើផ្ទៃមុខ រលាតដៃ ជង្គង់ ព្រមទាំងបាត់បង់កាបូប ដែលនៅក្នុងនោះមាន ប្រាក់ចំនួន ៤៥០,០០០ រៀល, ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក IPHONE 11 ពណ៌ខ្មៅ, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ បន្ទាប់ពីធ្វើសកម្មភាពរួច​ ជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន ដោយកាបូប, អត្តសញ្ញាណបណ្ណ ខ្លួនបានយកទៅបោះចោលនៅមុខប្រាសាទតាព្រហ្មខាងលិច ហើយប្រាក់ដែលនៅក្នុងកាបូប រូបខ្លួនបានយកទៅចាយវាយអស់ ហើយ ទូរស័ព្ទរបស់ជនរងគ្រោះដោយមិនមានជាប់លេខកូដខ្លួនក៏យកមកប្រើប្រាស់ផងដែរ ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ៖ ម៉ូតូ០១គ្រឿង, ទូរស័ព្ទរបស់ជនរងគ្រោះចំនួន០១គ្រឿង ក្នុងនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន) ។

បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបានបញ្ជូនទៅការិយាល័យជំនាញដើម្បីកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ ។ ចំណែកឯវត្ថុតាងដែលបានដកហូតពីជនសង្ស័យខាងលើ ដែលមានទូរស័ព្ទដៃចំនួន ០១ គ្រឿង សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះដែលជាម្ចាស់វិញផងដែរ ៕

 

អត្ថបទពាក់ព័ន្ធ