កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៦:១៨នាទី នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន ០២ នាក់មានឈ្មោះ ៖

១- ឈ្មោះ ទឺ សីហា ហៅតយ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ។
២- ឈ្មោះ ណាក់ មិនា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន) ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៣,០០នាទី មានជនរងគ្រោះឈ្មោះ ឋនរ-វ.ម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានទីលំនៅបច្ចុប្បន្នភូមិចំបកហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹង និងរាយការណ៌ជូនសមត្ថកិច្ចយើងថា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៦,១៨នាទី នៅចំណុចសណ្ឋាគារ មួយកន្លែង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ូតូចំនួន១គ្រឿងរបស់ខ្លួន ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ បាត់ដំបង ១AS ០១០៥ ដែលមានលេខតួ និងលេខម៉ាស៊ីន ៦៣៩៤៣៣១ រួចគេចខ្លួនបាត់ ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ និងធ្វើការស្រាវជ្រាវ ព្រមទាំងឆែកកាមេរ៉ាសុវត្ថិភាព រហូតយើងកំណត់មុខសញ្ញាបាន លុះនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤,០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប  បានសហការណ៍ជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន ធ្វើការឃាត់ខ្លួនតែម្តង ។

ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ ទឺ សីហា ហៅតយ បានឆ្លើយសារភាពថា ខ្លួនជាអ្នកធ្វើសកម្មភាពចូលលួចម៉ូតូ ហើយជនសង្ស័យឈ្មោះ ណាក់ មិនា ជាអ្នកឈរមើលផ្លូវ និងជាអ្នកធាក់រុញម៉ូតូយកទៅធ្វើសោរ និងជិះរត់គេចខ្លួនទៅស្រុកវ៉ារិន បន្ទាប់មកពួកខ្លួនបានយកម៉ូតូដែលលួចបាននោះទៅដោះប្ដូរអាវម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ម៉ូតូចំនួន ២គ្រឿងៈ ទី០១ ម៉ាកហុងដា ZOOMBER X ស៊េរីឆ្នាំ ២០១៧ ពណ៌ខៀវក្រហម សេ១២៥ ពាក់ផ្លាកលេខ តាកែវ 1O-61០០ ដែលមានលេខតួ និងលេខម៉ាស៊ីន ៥០០១៦៩០ មានកញ្ចក់ ,ទី២ម៉ាកហុងដាឌ្រីម សេ១២៥ មានលេខតួ និងលេខម៉ាស៊ីន៦៣៩៤៣៣១ គ្មានផ្លាកលេខ បំពាក់អាវម៉ូតូស៊េរីឆ្នាំ២០១៤ ,ផ្លាកលេខ ចំនួន១សន្លឹក បាត់ដំបង 1AS-0105 ,អាវម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ចំនួន១ឈុត តែពុំមានគម្របអាវផ្នែកអាគុយ និងកន្រ្តកចំនួន១ ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរនាក់ ជាលទ្ធផល អវិជ្ជមាន  ។

ជនសង្ស័យទាំង ០២​ នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ