កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ឃាត់ និងនាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ


ខេត្តសៀមរាប ៖ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងធ្វើការឃាត់នាំយកម៉ូតូដែលបំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងបំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ នៅស្នាក់ការចរាចរណ៍ មាត់ស្ទឹងសៀមរាប ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏មុឺងម៉ាត់ ដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ ឱ្យបន្តចុះផ្សព្វផ្សាយអប់រំរៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ បានអំពាវនាវឱ្យក្មួយៗយុវជន ដែលប្រើប្រាស់ម៉ូតូ បំពាក់អំពូលភ្លើងកែរច្នៃខុសលក្ខណៈបច្ចេកទេស និងដាក់បំពង់ស៊ីម៊ាំងម៉ូតូ (ប្រែន) លឺខ្លាំងៗ ត្រូវបញ្ឈប់ នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក រក្សាសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសុវត្ថិភាព អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកដទៃ ។

ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

អត្ថបទពាក់ព័ន្ធ