មន្រ្តីភូមិបាលស្រុកបន្ទាយស្រីម្នាក់ ស្លាប់បាត់ជីវិត ដោយជួបគ្រោះថ្នាក់ចរាចរណ៍បើករថយន្តទៅបុកដើមឈើ នៅម្តុំក្បែរប្រាសាទក្រវ៉ាន់ ក្រុងសៀមរាប
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តមួយគ្រឿងបើកបុកដើមឈើ បណ្តាលឲ្យបុរសម្នាក់ជាមន្រ្តីនៅក្នុងសាលាស្រុកបន្ទាយស្រី ស្លាប់បាត់បង់ជីវិត ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវកោង ខាងជើងប្រាសាទក្រវ៉ាន់ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នាយប់ម៉ោង ១និង២០នាទីយប់ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ជនរងគ្រោះមានឈ្មោះ ស៊ន គិរី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមន្រ្តីភូមិបាលស្រុកបន្ទាយស្រី មានទីកំណើតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពនៅទីតាំងកើតហេតុបានឲ្យដឹងថា ៖ រថយន្តមួយគ្រឿង ម៉ាក TRITON (ត្រៃតុន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-2609 បើកបរដោយជនរងគ្រោះខាងលើ រួមដំណើរជាមួយម្នាក់ទៀត រថយន្តបើកបរមានទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវកោងខ្លាំងទៅទិសខាងជើង ស្រាប់តែបុកចំដើមឈើពេញទំហឹង បណ្តាលឲ្យគៀបអ្នកបើកបររថយន្តជាប់នៅខាងក្នុងរថយន្តរងរបួសធ្ងន់ហូរឈាមស្រោចពេញរថយន្ត និងម្នាក់ទៀតរងរបួសស្រាល ។ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះបន្ទាន់ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែជាអកុសលរបួសធ្ងន់ធ្ងរ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក លោកបានចុះដល់ទីតាំង ដើម្បីធ្វើការវាស់វែងកត់កំណត់ហេតុតាមនីតិវិធី ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

