កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ០២ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចម៉ូតូ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៥៥នាទី នៅចំណុចមុខហាងយីហោផ្ទះស៊ុបអន្ទង់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខួនជនសង្ស័យបានចំនួន ០២ នាក់មានឈ្មោះ ៖

ទី១ ៖ ឈ្មោះ វណ្ណារ៉ា ផារ៉ាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿងញៀនខេត្តសៀមរាបចំនួន១លើក រយៈ០៦ខែ)។
ទី២ ៖ ឈ្មោះ រឹម រតនៈ ហៅណាក់ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលគ្រឿងញៀនខេត្តសៀមរាបចំនួន១លើក រយៈ០៦ខែ)។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៥៥នាទី នៅចំណុចមុខហាងយីហោផ្ទះស៊ុបអន្ទង់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូចំនួនមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ សៀមរាប ១U-៦៥៥០ ។ ក្រោយពីទទួលបណ្ដឹង និងសេចក្ដីរាយការណ៍ពីជនរងគ្រោះ កម្លាំងនគរបាលក្រុងសៀមរាប ចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤និង៣០នាទី នៅចំណុចបន្ទប់ជួល ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរខាងលើ រួមទាំងវត្ថុតាង (ម៉ូតូជិះធ្វើសកម្មភាព) យកមកធ្វើការសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យឈ្មោះ វណ្ណារ៉ា ផារ៉ាត់ បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើ ពិតប្រាកដមែន ចំណែកម៉ូតូដែលខ្លួនលួចបានខាងលើ ត្រូវបក្ខពួកខ្លួនយកជិះ ។ បន្ទាប់មកជនសង្ស័យខាងលើ បានឆ្លើយសារភាពបន្ថែមថា ខ្លួន និងបក្ខពួកបានធ្លាប់ធ្វើសកម្មភាពលួចម៉ូតូក្នុងក្រុងសៀមរាប បានចំនួន០២លើកទៀត ។

វត្ថុតាងសមត្ថកិច្ចដកហូតបានមាន ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពចំនួន០១គ្រឿង ។ សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំងពីរជាលទ្ធផល វិជ្ជមាន(ជាតម្រុយមេតំហ្វេតាមីន)។

ជនសង្ស័យទាំង ០២​ នាក់ខាងលើ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕

អត្ថបទពាក់ព័ន្ធ