កូនអកត្តញ្ញូកាប់ម្តាយរងរបួសជាច្រើនកន្លែង ផ្អើលអ្នកផ្សារលើធំថ្មី ទាំងល្ងាចនៅក្រុងសៀមរាប
ខេត្តសៀមរាប ៖ កម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ជាកូន ពាក់ព័ន្ធនឹងករណីហិង្សាមានស្ថានទម្ងន់ទោសប្រព្រឹត្តដោយសមាជិកគ្រួសារ (កាប់ទៅលើម្តាយដោយប្រើកាំបិតប័ុងតោ) បណ្តាលឪ្យរងរបួសធ្ងន់ ។ ហេតុការណ៍កូនកាប់ម្តាយ បានកើតឡើងកាលវេលាម៉ោង៥ល្ងាច ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលក្នុងផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រតិបត្តការចុះបង្រ្កាបជនសង្ស័យខាងលើ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ។
ជនសង្ស័យជាកូនមានឈ្មោះ កៃ កេង ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ (ប្រវត្តិទោស ធ្លាប់ជាប់មណ្ឌលចំនួន១លើក រយៈពេល៣ខែ)
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ ទីកន្លែងថ្ងៃកើតហេតុខាងលើជនសង្ស័យឈ្មោះ កៃ កេង បានផឹកស្រាស្រវឹងហើយ ឈ្លោះពាក្យសំដីជាមួយប្អូនរបស់ខ្លួន បន្ទាប់មកជនរងគ្រោះឈ្មោះ ហេង សុខធី ដែលជាម្តាយ បានចូលទៅឃាត់ជនសង្ស័យ តែក៏ត្រូវជនសង្ស័យជាកូនយកកាំបិតប័ុងតោ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះជាម្តាយត្រូវចំចំនួន៣កន្លែងដេរជាច្រើនថ្នេរ និងកាប់ត្រូវម្រាមដៃខាងឆ្វេង រយៈកូនដៃ និងនាងដៃ បណ្តាលឲ្យហូរឈាមយ៉ាងខ្លាំង ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួន ។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១២ននិង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យខាងលើ យកមកសួរនាំ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានកាប់ទៅលើម្តាយពិតមែន ចំណែកកាំបិតខ្លួនបានបោះចោល (មិនចាំកន្លែងបោះចោល) ។
សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យជាលទ្ធផល អវិជ្ជមាន ។
ជនសង្ស័យខាងលើ បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ៕


