មុខសញ្ញាចោរលួចម៉ូតូយ៉ាងសកម្មក្នុងខេត្តសៀមរាប ចំនួន ០២ នាក់ ត្រូវអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អាវុធហត្ថខេត្តសៀមរាប បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍ ថាមានក្មេងមួយក្រុមជិះម៉ូតូគ្មានស្លាកលេខ និងសួររកអ្នកទិញម៉ូតូ។ បន្ទាប់ពីទទួលបានបណ្ដឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ១១:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបឈានដល់ការកំណត់មុខសញ្ញាដែលធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្ម និងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវសួនសត្វ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ វត្ថុតាងចាប់យក : ម៉ូតូចំនួន០២គ្រឿង ។
ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ខាងលើ បានសារភាពដូចៗគ្នាថា ពួកខ្លួនពិតបានធ្វើសកម្មភាពលួចម៉ូតូចំនួន០២លើក ពិតប្រាកដមែន ដោយលើកទី១ ក្នុងអំឡុងចុង ខែតុលាឆ្នាំ ២០២៥ បានធ្វើសកម្មភាពលួច នៅជិតផ្សារហ៊ុយឡេង ភូមិតាភុល សង្កាត់ស្វាយដង្គំ និងលើកទី២ លួចនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី ។

