គ្រូបង្រៀនម្នាក់ កំពុងឈរលាយទឹកដោះគោឱ្យកូនក្មួយនៅពីក្រោយរថយន្តរបស់ខ្លួន ស្រាប់តែរថយន្តធុនធំមកពីក្រោយបុកស្លាប់ភ្លាមៗ
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្ត០២គ្រឿងសណ្តោងគ្នា និងរថយន្ត០២គ្រឿងកំពុងចតឈប់តាមផ្ឡូវ បានបណ្តាលឲ្យបុរសម្នាក់ជាគ្រូបង្រៀនស្លាប់បាត់បង់ជីវិតភ្លាមៗ នៅទីតាំងកើតហេតុ ហេតុការណ៍នេះបានកើតឡើងនាវេលាម់ោង១៥និង១០នាទីរសៀល ត្រូវថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ចន្លោះបង្គោលគីឡូលេខ២៩២-២៩៣ ស្ថិតក្នុងភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
ជនរងគ្រោះមានឈ្មោះ សារ៉ាត់ រដ្ឋា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ។ ម្នាក់ទៀតមានឈ្មោះ ផន ផយ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង រងរបួសស្រាល ។ ចំណែកអ្នកបើកបររថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ៖ មានរថយន្ត០១គ្រឿង ម៉ាក NISSAN ពណ៍សពាក់ផ្លាកលេខ តាកែវ 3A-1995 បើកបរដោយ ឈ្មោះ ហ៊ាន ពីចិត្ត ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកសណ្តោងរថយន្តរមួយគ្រឿងទៀតពីក្រោយ ម៉ាក NISSAN ពណ៍ស ពាក់ផ្លាកលេខ តាកែវ 3A-2301 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួន) មានទិសដៅពីលិចទៅកើត ហើយរថយន្តផ្លាកលេខ តាកែវ 3A-2301 ទៅបុកជនរងគ្រោះឈ្មោះ សារ៉ាត់ រដ្ឋា កំពុងឈរលាយទឹកដោះគោឱ្យកូនក្មួយនៅពីក្រោយរថយន្តរបស់ខ្លួន ម៉ាក HIGLANDER ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6057 រថយន្តឈប់លើផ្លូវផ្នែកខាងត្បូងបែរក្បាលទៅទិសខាងកើត បន្ទាប់មករថយន្តបង្កដែលពាក់ផ្លាកលេខ តាកែវ 3A-2301 បានទៅបុករថយន្តមួយគ្រឿងទៀត ម៉ាក HIG LANDER ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ 2BC-0246 បើកបរដោយឈ្មោះរុន សាវឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិត្បែង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានអ្នករួមដំណើរមួយនាក់ឈ្មោះ ផន ផយ ភេទស្រី អាយុ៥២ឆ្នាំនៅភូមិឃុំជាមួយអ្នកបើកបរឈប់លើផ្លូវ បែរក្បាលទៅទិសខាងកើត ។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីបន្តអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសពជនគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តពេទ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯផ្ទះខេត្តព្រៃវែង ។ ក្រុមគ្រួសារជនរងគ្រោះសំណូមពរដល់សមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ និងស្វែងរកជនបង្កឲ្យខានតែបាន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
